ការប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍របស់ FRIENDS នៅសាកលវិទ្យាល័យស្វាយរៀង
ការប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ ឬ Digital Storytelling Contest គឺជាធាតុសំខាន់មួយនៃ FRIENDS Project ដែលបម្លែងនូវការយល់ដឹងពីអន្តរវប្បធម៌ និងភាពចម្រុះនៃវប្បធម៌ ពីការរៀនសូត្រតាមប្រព័ន្ធអនឡាញ (MOOC) ទៅជាវិឌីអូ។ ការធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ គឺជាវិធីដ៏ល្អមួយ ដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សទូទៅ តាមរយៈរឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ ហើយពេញចិត្ត និងយល់ដឹងពីបទពិសោធន៍ និងឱកាសដែលខ្លួនបានទទួល។ ការធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ នឹងធ្វើឱ្យរឿងសាមញ្ញមួយរបស់ខ្លួន មានអត្ថន័យកាន់តែខ្លាំង ដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ការធ្វើវិឌីអូឃ្លីបនេះ អាចជួយផ្លាស់ប្តូរ ការយល់ឃើញរបស់មនុស្សម្នាក់ និងទស្សនៈរបស់ខ្លួនចំពោះខ្លួនឯង និងចំពោះមនុស្សជុំវិញខ្លួន។ អ្នកដែលបានចូលរួមប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ រួមជាមួយនឹង ការបញ្ចប់វគ្គសិក្សាតាមប្រព័ន្ធ អនឡាញនៃគម្រោងនេះ (IACD MOOC) នឹងទទួលបាន វិញ្ញាបន្តបត្រលិខិតឆ្លងដែនអន្តរវប្បធម៌ ឬ Intercultural Passport Award ។ និស្សិតនៃសាកលវិទ្យាល័យនីមួយៗរបស់ FRIENDS Project ដែលចាប់អារម្មណ៍ និងចុះឈ្មោះ ត្រូវបញ្ចប់មេរៀនទាំងអស់នៃ IACD MOOC ដើម្បីទទួលបាន Intercultural Passport Award ។ ទន្ទឹមនឹងនេះ ពួកគេត្រូវផលិតវិឌីអូឃ្លីប ឬ Digital Story ផងដែរ។ ការប្រកួតធ្វើវិឌីអូនេះ បានបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
វិឌីអូឃ្លីបចែករំលែកបទពិសោធន៍ ឬ Digital Story គឺជាវិឌីអូដែលនិស្សិតរៀបរាប់អំពី បទពិសោធន៍អន្តរវប្បធម៌របស់ខ្លួន។ និស្សិតទាំងអស់នៅ សាកលវិទ្យាល័យស្វាយរៀង និងនិស្សិតសាកលវិទ្យាល័យជាសមាជិកនៅអាស៊ី ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មានសិទ្ធិចូលរួមក្មុងការប្រកួតនេះ។ និស្សិតម្នាក់អាចធ្វើវិឌីអូបានតែមួយ សម្រាប់ប្រកួត ហើយត្រូវយកទៅជូនការិយាល័យកិច្ចការបរទេស តាមរយៈ flash drive ឬ email ។ រយៈពេលនៃវិឌីអូឃ្លីប គឺពី ២ ទៅ ៣នាទី។ ខ្លឹមសារ ឬប្រធានបទនៃវិឌីអូឃ្លីបអាចស្តីពី បទពិសោធន៍អន្តរវប្បធម៌ បទពិសោធន៍សកលលោក បទពិសោធន៍ចម្រុះវប្បធម៌ សារៈសំខាន់នៃបទពិសោធន៍ចម្រុះវប្បធម៌ ទំនាក់ទំនងចម្រុះវប្បធម៌ និងភាពចម្រុះនៃវប្បធម៌ ។ល។ វិឌីអូឃ្លីបទាំងអស់ ត្រូវតែជាការងារដើម និងជាកម្មសិទ្ធិពេញលេញរបស់និស្សិត មានន័យថា រាល់ការប្រគល់វិឌីអូឃ្លីបទាំងអស់ មិនត្រូវយកអ្វី ក្រៅពីស្នាដៃរបស់ខ្លូន ឬដោយគ្មានការអនុញ្ញាតពីប្រភពដើមឡើយ។ វិឌីអូឃ្លីបទាំងអស់ មិនត្រូវធ្វើការផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មណាមួយឡើយ។ ប្រសិនបើអ្នកប្រើប្រាស់រូបភាព ភ្លេង វិឌីអូ ការស្រាវជ្រាវ ឬគំនិតរបស់នរណាម្នាក់ អ្នកត្រូវសុំការអនុញ្ញាតពីម្ចាស់ដើម ឬអ្នកនិពន្ធ ដើម្បីប្រើប្រាស់ការងាររបស់ពួកគេ។ ក្នុងន័យនេះ អ្វីៗដែលមិនមែនជាការងារដើម របស់អ្នក ត្រូវមានឯកសារយោង ឬការអនុញ្ញាត មុននឹងប្រើប្រាស់ការងារនោះ។ ការធ្វើវិឌីអូឃ្លីប ដែលមាន ស្នាដៃរបស់អ្នកដទៃ ដោយគ្មានឯកសារយោង ឬយល់ព្រមពីម្ចាស់ដើម មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតឡើយ។ ការប្រើប្រាស់ភាសាក្នុងវិឌីអូ អាចជាភាសាអង់គ្លេស ឬភាសាដើមរបស់អ្នក ដែលមានអក្សររត់ខាងក្រោមជាភាសាអង់គ្លេស។ រីឯវិឌីអូឃ្លីប អាចធ្វើក្នុងទម្រង់បែប វិឌីអូបញ្ឈរ ឬផ្តេក ខ្លី មានចលនា មានសម្លេង និង/ឬ គំនូរជីវចល ឬរូបភាពធម្មតា។ គុណភាពវិឌីអូ ត្រូវតែ HDTV ដែលមាន 1080p (1920 x 1080 pixels, 16:9 aspect ratio)។ វិឌីអូត្រូវតែជាទម្រង់ AVI WMB MOV ឬ MP4 ប៉ុន្តែសូមធ្វើជាទម្រង់ MP4 ឬ MOV ជាការប្រសើរ។ ក្រោយពេលនិស្សិតធ្វើវិឌីអូរួច និងប្រគល់ជូនការិយាល័យ គណៈកម្មការជំនាញនៃសាកលវិទ្យាល័យស្វាយរៀង បានធ្វើការវាយតម្លៃ និងដាក់ពិន្ទុវិឌីអូរបស់និស្សិត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៤ ។ និស្សិត ៣រូប ត្រូវបានជ្រើសរើសជាជ័យលាភី។ បន្ទាប់មក ពួកគេនឹងទៅចូលរួមកម្មវិធី Boot Camp រយៈពេល ៨សប្តាហ៍ នៅប្រទេសប៊ុលហ្ការី ក្នុងខែមិថុនា ឆ្នាំ២០២០ ។