សាកលវិទ្យាល័យអន្តរជាតិ ឌូវី

ឈ្មោះស្ថាប័ន សាកលវិទ្យាល័យអន្តរជាតិ ឌូវី
ពាក្យកាត់ ស.អ.ឌ.
គេហទំព័រ www.diu.edu.kh/diu
អ្នកសម្របសម្រួលគម្រោង FRIENDS របស់ស្ថាប័ន លោក មាស រស្មី
អុីម៉ែល raksmey_meas@diu.edu.kh
លេខទូរសព្ទ (+៨៥៥)១២ ៣១១ ៨១០

សាកលវិទ្យាល័យអន្តរជាតិ ឌូវី (DIU) ត្រូវបានទទួលស្គាល់ជាផ្លូវការ ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបដីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ ។ សាកលវិទ្យាល័យអន្តរជាតិ ឌូវី ជាសាកលវិទ្យាល័យអន្តរជាតិដំបូងបំផុតនៅកម្ពុជា ដែលមានការគាំទ្រយ៉ាងពេញទំហឹងពី ៣ប្រទេស រួមមាន កម្ពុជា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ និងមានការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងសម្ភារពីបណ្តាប្រទេសជាច្រើនទៀត នៅលើពិភពលោក។ DIU ក៏ជាសាកលវិទ្យាល័យដំបូង និងតែមួយគត់ ដែលប្រកាន់យកនូវទ្រឹស្តី “ការសិក្សាផ្សារភ្ជាប់នឹងការអនុវត្ត” ដោយផ្តោតលើ កិច្ចការសហគមន៍ និងការស្រាវជ្រាវ ជាបង្គោលដ៏រឹងមាំ។ សាកលវិទ្យាល័យ បានសង្កត់ធ្ងន់លើ ជំនាញនៃការគិតស៊ីជម្រៅ និងការដោះស្រាយបញ្ហា ជាជាងការទន្ទេញចេញពីសៀវភៅ។ សាស្ត្រចារ្យ និងនិស្សិត គឺធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ទាំងផ្នែកស្រាវជ្រាវ និងគម្រោងនានា។ ហ៊្វរេន លេនវិច អាខាតឌឺមី (FLA) និងកម្មវិធីសិក្សាអន្តរជាតិ ថ្នាក់បរិញ្ញាបត្រ នឹងអនុញ្ញាតឱ្យនិស្សិតយើង ទៅបន្តការសិក្សានៅក្រៅប្រទេស តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត របស់ការិយាល័យកិច្ចការបរទេសយើង ដែលមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយសាកលវិទ្យាល័យនានា ជុំវិញពិភពលោក។ និស្សិតមកពីគ្រប់ទឹសទី នឹងចូលរួមជាមួយ DIU ដើម្បីឱ្យស្របទៅនឹងឃ្លាមួយថា “Learning Community” របស់ John Dewey អ្នកប្រាជ្ញដ៏ល្បីឈ្មោះម្នាក់ នៅលើពិភពលោក។ យើងមានមហាវិទ្យាល័យចំនួន៥ រួមមាន៖ ១. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ២. មហាវិទ្យាល័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ៣. មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម ៤. មហាវិទ្យាល័យអប់រំ និង ៥. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម។ DIU ជាសាកលវិទ្យាល័យឯកជនមួយ នៅខេត្តបាត់ដំបង (ភូមិភាគពាយព្យនៃប្រទេសកម្ពុជា) ដែលនឹងបន្តឈានមុខគេខាងវិស័យអប់រំ និងការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈការកសាងសមត្ថភាពនិស្សិត សម្រាប់មូលធនមនុស្ស ជាពិសេស ក្នុងវិស័យអភិវឌ្ឍសហគមន៍ ការច្នៃប្រឌិត និងការស្រាវជ្រាវ។ ចំនួននិស្សិតសរុបដែលបានចុះឈ្មោះនៅ សាកលវិទ្យាល័យអន្តរជាតិ ឌូវី មានប្រមាណ ៦០០នាក់ ដែលបានសិក្សាក្នុងមហាវិទ្យាល័យទាំង៥ នៅ DIU ។ បច្ចុប្បន្ននេះ DIU កំពុងផ្តោតខ្លាំងលើជំនាញ TESOL, IT, ធនាគារ និងហិរញ្ញវត្ថុគណនេយ្យ និងមុខវិជ្ជា STEM ។

លោកបណ្ឌិត រ៉េមិន ហ្សិប ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវិ ។ លោកបានទទួលបរិញ្ញាបត្រផ្នែកគណិតវិទ្យា ពី Oberlin College បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យា ពី University of Cincinnati និងបណ្ឌិតផ្នែកអប់រំគណិតវិទ្យា ពី Ohio State University ។ គាត់ត្រូវបានជ្រើសរើសជា សាស្ត្រាចារ្យ Full-bright ដ៏ល្បីល្បាញនៅ ប្រទេសកូតឌីវ័រ ទ្វីបអាហ្វ្រិក ក្នុងឆ្នាំ១៩៨២ ។ លោកបានបង្រៀននៅ ប្រទេសកំពុងអភិវឌ្ឍន៍ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលរួមមាន ១២ឆ្នាំ នៅទ្វីបអាហ្វ្រិក និងជាង ១០ឆ្នាំ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ម៉ាកាវ ម៉ាឡេស៊ី ប៉ាពួញូហ្គីណេ និងមីក្រូនេស៊ី) ។ លោកបណ្ឌិត រ៉េមិន ហ្សិប បាននិពន្ធសៀវភៅជាង ៥០ក្បាល សរសេរអត្ថបទកាសែត និងអត្ថបទស្រាវជ្រាវជាង ១០០អត្ថបទ និងធ្វើបទបង្ហាញក្នុងសន្និសីទអន្តរជាតិជាច្រើន លើវិស័យអប់រំ គណិតវិទ្យា ចិត្តវិទ្យា ។ល។ លោកបណ្ឌិត បានធ្វើការនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំ រហូតបាននិពន្ធសៀវភៅមួយចំនួនជាភាសាអង់គ្លេស ដូចជា Experiencing Cambodia, The Cambodia Less Traveled និង Around Battambang ។

លោកបណ្ឌិត មាស នី ជាទីប្រឹក្សាជាន់ខ្ពស់ ផ្នែកស្រាវជ្រាវ និងសិក្សាធិការនៅ សាកលវិទ្យាល័អន្តរជាតិ ឌូវី ។ លោកបណ្ឌិត បានទទួលពានរង្វាន់ផ្នែក International Social Work ពី La Trobe University ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយផ្តោតសំខាន់លើ “Social Development in the Post-conflict Situation”។ អស់រយៈពេលជាង ១៥ឆ្នាំមកហើយ លោកបណ្ឌិត គឺជាសាស្រ្តាចារ្យសាកលវិទ្យាល័យផង ជាអ្នកសម្របសម្រួលផង និងជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវជាច្រើន ផ្នែកការអភិវឌ្ឍសហគមន៍ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍគោលនយោបាយ ការអប់រំ និងការអភិវឌ្ឍសង្គម។ ការវាយតំលៃគម្រោង ការអភិវឌ្ឍស្ថាប័ន និងការកសាងសមត្ថភាព ក៏ជាជំនាញអាជីពដែលលោកបណ្ឌិតចាប់អារម្មណ៍ផងដែរ។ បច្ចុប្បន្ននៅ សាកលវិទ្យាល័យអន្តរជាតិ ឌូវី ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់ លោកបណ្ឌិត មាស នី មានតួនាទីជាអ្នកគាំទ្រផ្នែកបច្ចេកទេស និងប្រឹក្សាយោបល់ ដល់ការិយាល័យសិក្សាធិការ ក្នុងគោលបំណងកសាងសមត្ថភាពនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ ឱ្យទទួលបានជំនាញអាកាដឺមិក ក្នុងការសសេរនិក្ខេបបទ។ ក្រៅពីកិច្ចការទាំងនេះ លោកបណ្ឌិត ក៏បាននិពន្ធសៀវភៅមួយចំនួន ដូចជា៖ ១) Towards Restoring Life in Cambodian Villages; ២) Understand Cambodian Villages Beyond Wars; ៣) Learning for Transformations; ៤) Road to Development: A Study on Development Trends and Practices in Cambodia ។ ការងាររបស់ លោកបណ្ឌិត ក៏ពាក់ព័ន្ធច្រើនជាមួយនឹងការបង្រៀន និងការសម្របសម្រួលក្នុងសិក្ខាសាលា សន្និសីទ បូកសរុបការងារក្នុង NGO និងក្រុមហ៊ុននានា និងស្ថាប័នរដ្ឋាភិបាលមួយចំនួន ក៏ដូចជា ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និសីទក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោក ឈុំ ពុទ្ធិ ជាព្រឹទ្ធបុរសស្តីទី នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី ។ លោកទទួលបានអាហារូបករណ៍រយៈពេល ២ឆ្នាំ ពីក្រសួងអប់រំ យុវជន និងកីឡា ផ្នែកការបង្រៀនភាសាអង់គ្លេស និងភាសាខ្មែរ ដល់សិស្សវិទ្យាល័យរដ្ឋ ក្នុងឆ្នាំ២០០៣ ។ លោកទទួលបានបរិញ្ញាបត្រផ្នែកអប់រំ ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបាត់ដំបង។ គាត់បានបង្រៀនក្នុងស្រុក អស់រយៈពេលជាង ១៥ឆ្នាំ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងសាកលវិទ្យាល័យផងដែរ។ លោក ពុទ្ធិ បានសរសេរអត្ថបទស្រាវជ្រាវ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់លោក និងបានចូលរួមក្នុងសន្និសីទជាតិជាច្រើន ក្នុងវិស័យអប់រំ។