បទបង្ហាញស្តីពី FRIENDS Project និងរាយការណ៍អំពី កិច្ចប្រជុំ FRIENDS លើកទី២ នៅប្រទេសតួគី ទៅកាន់ DIET ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩

 

លោកបណ្ឌិត Raymond Zepp សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យអន្តរជាតិ ឌូវី បានថ្លែងក្នុងកិច្ចប្រជុំគណៈគ្រប់គ្រងរបស់ ឌូវី អុិនធើណេសិនណល ផ្នែកអប់រំ និងបណ្តុះបណ្តាល (DIET) ថា កាលពីពីរសប្តាហ៍មុន លោកបណ្ឌិត និងលោក មាស រស្មី បានចូលរួមកិច្ចប្រជុំ FRIENDS លើកទី២ នៅប្រទេសតួគី រយៈពេល ៤ ថ្ងៃ ដោយមានសាកលវិទ្យាល័យចំនួន១៦ មកពី ៩ប្រទេស បានចូលរួមប្រជុំ។ លោក មាស រស្មី នឹងធ្វើបទបង្ហាញពិសេសអំពី FRIENDS Project នៅថ្ងៃនេះ។ ប៉ុន្តែ លោកបណ្ឌិត Raymond Zepp នឹងថ្លែងខ្លះៗ អំពីការប្រកួតរចនា SWAG របស់ FRIENDS Project នៅក្នុងរបៀបវារៈបន្ទាប់។

លោក មាស រស្មី បានចាប់ផ្តើមធ្វើបទបង្ហាញដល់គណៈគ្រប់គ្រងទាំងអស់ អំពី FRIENDS Project ជាមួយនឹងការបង្ហាញ powerpoint របស់លោក (សូមចុចនៅទីនេះ) ។ លោកបាននិយាយថា គម្រោងនេះមានរយៈពេល ៣៦ខែ ដែលចាប់ផ្តើមដំណើរការពី ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ ខែវិច្ឆិកាឆ្នាំ ២០២១។ ប៉ុន្តែគម្រោងនេះ អាចរក្សាបានរយៈពេលយ៉ាងតិច ៥ឆ្នាំទៅមុខទៀត ប្រសិនបើនៅបន្តអនុវត្ត។ អ្វីដែលអាចធ្វើឱ្យរក្សាបានយូរអង្វែងនោះ គឺការរៀបចំបង្កើតកន្លែងមួយហៅថា Teahouse នៅតាមសាកលវិទ្យាល័យដៃគូនីមួយៗ នៅអាស៊ី។ តាមរយៈបទបង្ហាញ លោក រស្មី បានរៀបរាប់អំពី៖

១. ចំណុចទាំង ៧ ដូចមានចែងក្នុងមាតិកានៃ powerpoint

២. កញ្ចប់ការងារទាំង ៨ (WP1-8) ដែលសមាជិក FRIENDS Project នឹងអនុវត្ត ក្នុងអំឡុងពេល ៣ឆ្នាំ

៣. សកម្មភាពលម្អិតរបស់ WP2 និង WP3 ដែលបច្ចុប្បន្នយើងកំពុងអនុវត្ត និង

៤. គេហទំព័រកម្ពុជា របស់ FRIENDS Project ដែលលោក មាស រស្មី ជាអ្នកទទួលខុសត្រូវធ្វើការ ដូចជា បកប្រែ បញ្ចូលព័ត៌មាន និងព្រឹត្តិការណ៍នានា។

លោកបណ្ឌិត Raymond Zepp ដែលជាសមាជិកម្នាក់ក្នុងគម្រោងនេះ បានថ្លែងក្នុងអង្គប្រជុំថា ដើម្បីបង្កើនការចាប់អារម្មណ៍ទៅលើ FRIENDS Project យើងកំពុងធ្វើការប្រកួតប្រជែងមួយ ដែលនិស្សិតសាកលវិទ្យាល័យទាំងអស់អាចចូលរួម គឺការប្រកួតរចនា SWAG មានន័យថា ការរចនាទៅលើ ៣ ទៅ ៥ សម្ភារ ឬរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានបង្កប់នូវអត្ថន័យ និងខ្លឹមសារ FRIENDS នៅក្នុងនោះ។ យើងនឹងជ្រើសរើសការរចនាដែលល្អបំផុតមួយ ដោយផ្អែកលើការបោះឆ្នោតរបស់និស្សិតទាំងអស់ ហើយការរចនានោះ នឹងយកទៅប្រកួតប្រជែងជាមួយសាកលវិទ្យាល័យដៃគូរចំនួន១២ របស់យើង។ សាកលវិទ្យាល័យដៃគូនឹងជ្រើសរើសអ្នកឈ្នះ ហើយការរចនានោះនឹងត្រូវបានផលិត និងចែកចាយក្នុងចំណោមប្រទេសអាស៊ីទាំង៥ របស់យើង។

លោក ឈួន សេងហួង អគ្គនាយករង នៃក្រុមហ៊ុន ឌូវី អុិនធើណេសិនណល បានអបអរសាទរដល់ក្រុមការងារ FRIENDS Project របស់ DIU ដែលមានសមត្ថភាពធ្វើការក្នុងគម្រោងនេះ។ លោកក៏បានសំណូមពរដល់ក្រុមការងារសាកលវិទ្យាល័យទាំងអស់ ឱ្យជួយសម្របសម្រួល និងជួយជ្រោមជ្រែងធ្វើការក្នុងគម្រោងនេះ ស្របតាមទំនួលខុសត្រូវរបស់ការិយាល័យនីមួយៗ។ (ដកស្រង់ និងកែសម្រួលពីកំណត់ហេតុប្រជុំ)

Comments are closed.