សេចក្តីរាយការណ៍អំពី FRIENDS Project ដល់គណៈគ្រប់គ្រង និងបុគ្គលិក សាកលវិទ្យាល័យអន្តរជាតិ ឌូវី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩

 

លោក មាស រស្មី តំណាងឱ្យក្រុមការងាររបស់ FRIENDS Project នៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី បានធ្វើបទបង្ហាញ ដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៅពេលនេះ ព្រោះមានថ្នាក់ដឹកនាំសាកលវិទ្យាល័យបន្ថែមថ្មីមួយចំនួន។ លោក មាស រស្មី ក៏បានសង្ខេបឡើងវិញ អំពីគម្រោងនេះ និងបានធ្វើការ update បន្ថែមពីការប្រជុំពីមុនៗ។ លោក មាស រស្មី បានលើកឡើងថា លោកចង់ធ្វើបទបង្ហាញផ្លូវការមួយ ជូនគណៈគ្រប់គ្រង និងបុគ្គលិក DIU ទាំងអស់ មុនពេលលោកចេញទៅប្រជុំ FRIENDS Project លើកទី២ នៅប្រទេស Turkey ជាមួយ Dr. Ray ប៉ុន្តែដោយពេលវេលាខ្លីពេក និងមមាញឹកខ្លាំងនោះ ប្រហែលមិនអាចធ្វើទាន់ទេ។ ខ្លួនលោកក៏មិនទាន់យល់ទាំងអស់ អំពីគម្រោងនេះ ហើយក៏កំពុងបន្តស្រាវជ្រាវ និងប្រឹងអានឯកសារបន្ថែមផងដែរ។ ដោយឡែក លោក និងលោកបណ្ឌិត Raymond Zepp បញ្ជាក់ថា ពេលទៅប្រជុំនៅ Turkey និងមានព័ត៌មានជាច្រើនបន្ថែមទៀត។

លោកបានរៀបរាប់បន្តថា FRIENDS Project ជាគម្រោងរបស់ Erasmus+ ដែលត្រូវបាន Varna University of Management របស់ប្រទេស Bulgaria ទទួលបានគម្រោងនេះ ដោយមានទឹកប្រាក់ប្រមាណជិត ១លាន អឺរ៉ូ រយៈពេល ៣ឆ្នាំ គិតចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២១ ។ VUM បានដឹកនាំ និងចាប់ដៃគូរជាមួយសាកលវិទ្យាល័យចំនួន១៦ ផ្សេងទៀត នៅបណ្តាប្រទេសអ៊ីរ៉ុប និងអាស៊ី ដែលគម្រោងនេះបានតម្រូវឱ្យ។ ដោយឡែក ប្រទេសកម្ពុជាយើងមាន ២សាកលវិទ្យាល័យ ចូលរួមគឺ សាកលវិទ្យាល័យអន្តរជាតិ ឌូវី និងសាកលវិទ្យាល័យស្វាយរៀង។ ក្នុងរយៈពេលបីឆ្នាំនេះ យើងទទួលបានថវិកាពីគម្រោងប្រមាណ ៦ម៉ឺនដុល្លារអាមេរិក ក្នុងនេះនឹងមានបែងចែកទៅតាមផ្នែកមួយៗ ដូចជា ការចំណាយបុគ្គលិកធ្វើការ ការធ្វើដំណើរ និងស្នាក់នៅក្រៅប្រទេស សម្ភារៈសម្រាប់ដំណើរការការងារ-ល-។

លោកបន្តថា សាកលវិទ្យាល័យយើងនឹងកែប្រែមុខមាត់ថ្មី ទៅជាសាកលវិទ្យាល័យមួយ មានលក្ខណៈជាអន្តរជាតិ តាមរយៈការធ្វើការជាមួយគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ពាកព័ន្ធនឹងការអភិវឌ្ឍកម្មវិធីសិក្សា ការបង្កើនសមត្ថភាពរបស់សាស្ត្រាចារ្យ ព្រឹទ្ធបុរស បុគ្គលិក និងនិស្សិត។ លើសពីនេះ FRIENDS Project នឹងអភិវឌ្ឍន៍នូវគំនិតរបស់យើង ឱ្យងាកមកចាប់អារម្មណ៍លើការបញ្ចូល កម្មវិធីនានារបស់សាកលវិទ្យាល័យយើង ជាមួយសាកលវិទ្យាល័យដៃគូទាំង១៥ ផ្សេងទៀត។ សម្រាប់ជាផលប្រយោជន៍ដល់និស្សិត FRIENDS Project នឹងឱ្យយើងរៀបចំ ការប្រកួតប្រជែងថតវីដីអូខ្លីមួយហៅថា Digital Storytelling Contest ហើយនិស្សិត ៣រូប ដែលឈ្នះ នឹងត្រូវបានបញ្ជូនទៅកម្មវិធី Boot Camp រយៈពេល ៨អាទិត្យ ដើម្បីសិក្សាអំពី ការយល់ដឹងទៅលើអន្តរវប្បធម៌ និងការប្រឈមទៅនឹងវប្បធម៌ចម្រុះ ក៏ដូចជា ស្វែងយល់អំពី កិច្ចការបន្ទាប់ដែលនិស្សិតត្រូវធ្វើ បន្ទាប់ពីមកប្រទេសរបស់ខ្លួនវិញ គឺការបង្កើតនូវមជ្ឈមណ្ឌលមួយ ហៅថា Teahouse ។ Teahouse គឺជាទីតាំងមួយសម្រាប់សិស្សនិស្សិតទាំងក្នុង និងក្រៅសាកលវិទ្យាល័យអាចចូលរួមក្នុង កម្មវិធី វេទិកា ពិពណ៌ សិក្ខាសាលា ឬតុពិភាក្សានានា ស្តីពីបទពិសោធន៍ក្រៅប្រទេស ឬកិច្ចការបរទេស។

តាមអ្វីដែលអ្នកដឹកនាំ FRIENDS Project លើកឡើង ការងារដែលលោក មាស រស្មី និងលោកបណ្ឌិត Raymond Zepp ធ្វើរាល់ថ្ងៃនេះ គឺត្រូវការបុគ្គលិកធ្វើការក្រៅម៉ោងពី ៥ ទៅ ៦នាក់ ប៉ុន្តែដោយសារយើងមិនទាន់មានធនធានគ្រប់គ្រាន់ និងដោយសារលោក និងលោកបណ្ឌិត មិនទាន់យល់លម្អិតអំពីគម្រោងនេះ គាត់មិនអាចទាន់ផ្តល់ការងារនេះជូនអ្នកផ្សេងឡើយ។ ម្យ៉ាងទៀត ដោយសារការងាររាល់ថ្ងៃ គឺត្រឹមសមត្ថភាពលោក មាស រស្មី និងលោកបណ្ឌិត Raymond Zepp លោកគិតថាមិនទាន់ចាំបាច់ មានមនុស្សបន្ថែមធ្វើការពេលនេះទេ តែបើហួសពីសមត្ថភាព នោះលោកនឹងប្រកាសរកជំនួយ ព្រោះយើងបានដាក់បេក្ខភាពពីរនាក់ទៀត រួចហើយ គឺ បណ្ឌិត មាស នី និង លោក ឈុំ ពុទ្ធិ។

ដោយមានការឆ្លើយឆ្លង ពិភាក្សាខ្លះៗ ជុំវិញកិច្ចការនេះក្នុងអង្គប្រជុំ លោក មាស រស្មី បានលើកឡើងបន្ថែមថា FRIENDS Project នេះ ជាគម្រោងស្ថិតក្រោមសសរស្តមមួយ ក្នុងចំណោមសសរស្តមបី របស់ Erasmus+ គឺ Capacity Building for Higher Education ហើយគោលដៅរបស់គេនេះ គឺមិនមែនបញ្ជូននិស្សិត ឬសាស្ត្រាចារ្យទៅក្រៅប្រទេសទេ។ FRIENDS Project ផ្តោតទៅលើការកាត់បន្ថយការចេញទៅក្រៅប្រទេសពីសំណាក់បញ្ញវ័ន្ត និងយុវជនជាអ្នកសិក្សា ប៉ុន្តែបង្កើននូវអន្តរជាតូបនីយកម្ម នៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន។ (ដកស្រង់ និងកែសម្រួលពីកំណត់ហេតុប្រជុំ)

Comments are closed.