សេចក្តីរាយការណ៍អំពី FRIENDS Project Progress ក្នុងកិច្ចប្រជុំ DIET Advisory Council ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោក មាស រស្មី អ្នកសម្របសម្រួលក្នុងគម្រោង FRIENDS Project នៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ DIET Advisory Council របស់ ឌូវី អ៊ិនធើណេសិនណល ផ្នែកអប់រំ និងបណ្តុះបណ្តាល ដើម្បីរាយការណ៍សង្ខេបអំពី ការវិវត្តនៃការងារគម្រោង FRIENDS Project នៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី ។ បន្ទាប់ពីអង្គប្រជុំ បានពិភាក្សានូវរបៀបវីរៈផ្សេងៗរួចមក លោក មាស រស្មី ក៏បានចាប់ផ្តើមរាយការណ៍ នូវព័ត៌មានដូចខាងក្រោម ទៅកាន់អង្គប្រជុំ៖
- ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ Advisory Council ទាំងអស់ ដែលផ្តល់ឱកាសឱ្យលោក ចូលរួមធ្វើសេចក្តីរាយការណ៍ពីគម្រោង FRIENDS Project ។
- សង្ខេបពីគម្រោង៖ FRIENDS ពាក្យពេញគឺ Furthering International Relations Capacities and Intercultural Engagement to Nurture Campus Diversity and to Support Internationalization at Home ។ បកប្រែជាខ្មែរថា៖ ការបង្កើនសមត្ថភាពទំនាក់ទំនងអន្តរជាតិ និងផ្លាស់ប្តូរវប្បធម៌ ដើម្បីបណ្តុះនូវភាពចម្រុះ និងអន្តរជាតូបនីយកម្ម ក្នុងសាកលវិទ្យាល័យ។
- FRIENDS Project ត្រូវបានផ្តល់មូលនិធិដោយ Erasmus+ Programme សម្រាប់រយៈពេល ៣ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២១ និងបន្ថែម ៥ឆ្នាំទៀត ដើម្បីឱ្យគម្រោងនេះមានចីរភាព។ ក្នុង ៥ឆ្នាំបន្ទាប់នោះ យើងនឹងចូលរួមសន្និសីទជារៀងរាល់ឆ្នាំ ដើម្បីរាយការណ៍ពីដំណើរការ និងការងារនៃ FRIENDS Project នៅសាកលវិទ្យាល័យរបស់យើង។
វគ្គសិក្សាតាមប្រព័ន្ធអនឡាញស្តីពី ការយល់ដឹងពីអន្តរវប្បធម៌ និងភាពចម្រុះនៃវប្បធម៌ (IACD)
- វគ្គសិក្សានេះ ចាប់ផ្តើមពី ថ្ងៃទី៦ ខែមេសា រហូត់ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។ ប៉ុន្តែ ដោយសារតែគម្រោង FRIENDS Project បានយល់ពីភាពលំបាករបស់និស្សិត ដោយសារតែការរីករាលដាលនៃវីរុស COVID-19 ការសិក្សានេះ ត្រូវបានពន្យាថ្ងៃបញ្ចប់រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។
- និស្សិតដែលបានចុះឈ្មោះសរុបនៅ សាកលវិទ្យាល័យអន្តរជាតិ ឌូវី មានចំនួន ៧៧នាក់ (គម្រោងតម្រូវឱ្យមាន ១០០នាក់)។ ក្នុងនោះមាននិស្សិត ៣៤នាក់ ដែលបានបញ្ចប់ការសិក្សា (គម្រោងតម្រូវឱ្យមានតែ ១៥នាក់ប៉ុណ្ណោះ)។
- ការសិក្សាអនឡាញនេះត្រូវបានបញ្ចប់រួចរាល់ ហើយសាកលវិទ្យាល័យកំពុងរៀបគម្រោងធ្វើ វិឌីអូឃ្លីបខ្លីមួយ ស្តីអំពីចំណាប់អារម្មណ៍របស់និស្សិត ក្រោយបញ្ចប់ការសិក្សានេះ។
ការប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ (DSC)
- សាកលវិទ្យាល័យដៃគូទាំង ១២ នៅ ប៊ូតង់ កម្ពុជា ម៉ាឡេស៊ី ថៃ និងហ្វីលីពីន បានរៀបចំ ការប្រកួតធ្វើវិឌីអូឃ្លីបចែករំលែកបទពិសោធន៍ រៀងៗខ្លួន ដែលនិស្សិតត្រូវធ្វើវិឌីអូឃ្លីបខ្លីៗ អំពីបទពិសោធន៍ទំនាក់ទំនងអន្តរជាតិ ឬអន្តរវប្បធម៌ បន្ថែមពីការសិក្សាអនឡាញ។
- និយាយបែបផ្សេង និស្សិតដែលបានបញ្ចប់វគ្គសិក្សាតាមប្រព័ន្ធអនឡាញ តម្រូវឱ្យធ្វើវិឌីអូឃ្លីប ទើបអាចឈ្នះ ដើម្បីទៅចូលរួមកម្មវិធី Boot Camp នៅប្រទេសប៊ុលហ្ការី។
- លោក មាស រស្មី និងកញ្ញា ផាត អ៊ីភួង ដែលជាអ្នកសម្របសម្រួលក្នុងកិច្ចការនេះ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញ និងលើកទឹកចិត្តនិស្សិត ឱ្យបញ្ចប់វគ្គសិក្សាអនឡាញ និងធ្វើវិឌីអូឃ្លីប។
- ជាលទ្ធផល ក្នុងចំណោម ៣៤នាក់ ដែលបញ្ចប់វគ្គសិក្សាអនឡាញ និស្សិត ២០នាក់ បានសម្រេចចិត្តធ្វើវិឌីអូឃ្លីប សម្រាប់ការប្រកួត។
- និស្សិត ដែលធ្វើវិឌីអូឃ្លីបល្អជាងគេចំនួន ៣រូប ត្រូវបានជ្រើសរើសរួចហើយ ដោយគណៈកម្មការ ៤រូប (១. លោក និត្យ សុភ័ក្រ ២. លោក ផា គឹមឡេង ៣. លោក ទោ លឿត និង ៤. លោក មាស រស្មី)។ កិច្ចប្រជុំគណៈកម្មការ គឺធ្វើឡើងមួយព្រឹក ដើម្បីពិនិត្យមើលវិឌីអូឃ្លីបទាំងអស់ ធ្វើការពិភាក្សា និងដាក់ពិន្ទុដល់វិឌីអូឃ្លីបនីមួយៗ។ វិឌីអូឃ្លីបរបស់និស្សិតចំនួន ២ទៀត (លេខ៤ និងលេខ៥) ក៏ត្រូវបានជ្រើសរើស សម្រាប់បម្រុង ក្នុងករណីដែលអ្នកឈ្នះ ៣រូប ណាមួយ បដិសេធមិនអាចទៅចូលរួមកម្មវិធី Boot Camp នៅប្រទេសប៊ុលហ្ការី។
- ឆ្លើយតបទៅនឹងលោកអគ្គនាយក ខេម រស្មី អំពីថា តើលក្ខណៈវិនិច្ឆ័យទាំងអស់ ត្រូវបានផ្សព្វផ្សាយទូលំទូលាយ ទៅកាន់និស្សិតមុន ឬអត់ លោក មាស រស្មី បានរៀបរាប់ថា លោកបានធ្វើបទបង្ហាញចំនួន ៣លើក សម្រាប់និស្សិតជាង ៤០០នាក់ របស់យើងឱ្យចូលរួម (ដោយសារសាលប្រជុំយើង អាចដាក់និស្សិតបានត្រឹម ១៥០នាក់ប៉ុណ្ណោះ) និងបានផ្ញើរសេចក្តីណែនាំពីការធ្វើវិឌីអូឃ្លីបចំនួន ១០ទំព័រ ជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលក្នុងនោះ មានរៀបរាប់ពីលក្ខណៈវិនិច្ឆ័យ ទៅកាន់ messenger គ្រប់ថ្នាក់ទាំងអស់ សម្រាប់ឱ្យនិស្សិតអាន មុនពេលពួកគេសម្រេចចិត្តធ្វើវិឌីអូឃ្លីប។
- ឆ្លើយតបទៅនឹងប្រធាន Advisory Council ដែលសួរថា តើអ្នកធ្វើវិឌីអូឃ្លីបល្អជាងគេទាំង ៥រូបនោះ ជានរណាខ្លះ លោក មាស រស្មី បានរាយការណ៍ដូចខាងក្រោម៖
-
- និស្សិត វេត សំណាង៖ Living Across Culture
- និស្សិត គង់ មករា៖ My First Cross-cultural Experience as a Tour Guide
- និស្សិត ថន បញ្ញាពៅ៖ Two Countries Two Culture
- និស្សិត ព្រហ្ម គឹមចេង៖ My Experience with a German Colleague (Reserve)
- និស្សិត ស៊ីផា កញ្ចនី (MA)៖ How to Build a Beautiful World for Yourselves and Others (Reserve)
- និស្សិត ៣រូប ដែលឈ្នះលើការប្រកួតនេះ នឹងត្រូវបញ្ជូនទៅ Varna University of Management ប្រទេស ប៊ុលហ្ការី (អឺរ៉ុបខាងកើត) រយៈពេល ៨សប្តាហ៍ ដើម្បីសិក្សាជាមួយនិស្សិត ៣៣នាក់ ផ្សេងទៀត ពីសាកលវិទ្យាល័យទាំង១២ នៅអាស៊ី ហើយមុខវិជ្ជាសិក្សា មានដូចជា៖
- Cross-cultural Studies
- Creativity and Innovation
- Arts Management
- Event Management
- Project Management
- Leadership
- Student Engagement.
- មុនបញ្ចប់ការសិក្សា និស្សិតនឹងធ្វើបទបង្ហាញជាក្រុម ពីគម្រោងរបស់ពួកគេ តាមប្រធានបទរៀងៗខ្លួន។
- បន្ទាប់ពីការសិក្សានៅ ប្រទេសប៊ុលហ្ការី និស្សិតរបស់យើងនឹងយកចំណេះដឹង និងបទពិសោធន៍របស់ពួកគេ មកជួយការិយាល័យកិច្ចការបរទេស ដើម្បីប្រត្តិបត្តិការ FRIENDS Teahouse របស់យើងយ៉ាងតិច ១ឆ្នាំ។
- FRIENDS Teahouse គឺជាបន្ទប់មួយធំទូលាយ សម្រាប់និស្សិតទូទៅ ជួបជុំគ្នា ពិភាក្សាគ្នា ជាមួយនឹងតែ កាហ្វេ និងអាហារសម្រន់ ឬបង្កើតកម្មវិធី កិច្ចប្រជុំ វេទិកា ឬការស្រាវជ្រាវនានា ពាក់ព័ន្ធនឹងការយល់ដឹងពីអន្តរជាតិ ឬអន្តរវប្បធម៌។
អគ្គនាយក បានបញ្ចប់នូវសេចក្តីរាយការណ៍នេះ ដោយផ្តល់មតិយោបល់ថា វីឌីអូឃ្លីបរបស់និស្សិតទាំងអស់ គួរធ្វើការ share ឱ្យបានច្រើនបំផុត តាមប្រព័ន្ធបណ្តាញសង្គម ហើយជ្រើសរើសវិឌីអូឃ្លីបណាល្អៗ សម្រាប់ boost នៅលើ facebook page របស់យើង។ នេះជាភាពជោគជ័យដ៏ធំធេងមួយរបស់យើង និងនិស្សិត ដែលសម្រេចបាន ហើយសូមឱ្យបន្តធ្វើកិច្ចការនេះឱ្យបានល្អ។ (ដកស្រង់ និងកែសម្រួលពីកំណត់ហេតុប្រជុំ)